កម្មវិធីវិញ្ញាសាបាក់ឌុបត្រូវបានចងក្រងឡើងដោយចំណាយជាង២ខែ។ ការកកើតនៃកម្មវិធីនេះ គឺដំបូងឡើយ ខ្ញុំតែងតែឃើញផេកហ្វេសប៊ុកបង្ហោះនូវវិញ្ញាសាបាក់ឌុបនានា។ សិស្សានុសិស្ស ឬលោកគ្រូអ្នកគ្រូតែងតែចែករំលែកបន្ដនូវវិញ្ញាសាដែលបានបង្ហោះនោះ។ ខ្ញុំបានគិតក្នុងចិត្តថា ចុះបើយើងប្រមូលផ្ដុំនូវបណ្ដាវិញ្ញាទាំងនោះមកចងក្រង វានឹងផ្ដល់ភាពងាយស្រួលប្អូនៗដែលត្រៀមប្រឡងបាក់ឌុប។
បន្ទាប់ពីបានគិតចុះគិតឡើង ខ្ញុំចាប់ផ្ដើមបានគំនិតធ្វើកម្មវិធីវិញ្ញាបាក់ឌុបឡើង។ តែអ្វីដែលប្រឈមមុខគឺតើត្រូវរកវិញ្ញាសា អត្រាកំណែដោយរបៀបណា? គួររកចាំឆ្នាំណាដល់ឆ្នាំណា? មានទាំងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់សង្គម តើគួររៀបចំកម្មវិធីបែបណា? មិនថាពេលជិះម៉ូតូ ឬដេកនោះទេ ខ្ញុំតែងតែគិតពីការរចនារូបរាងកម្មវិធី។ ជាចុងក្រោយ ខ្ញុំក៏បានសម្រេចចងក្រងត្រឹមឆ្នាំ២០១១ (ឆ្នាំដែលក្រសួងបែងចែកថ្នាក់វិទ្យាសាស្ត្រនិងសង្គម) ដោយរៀបវិញ្ញាសាតាមមុខវិជ្ជាដោយដាក់បញ្ចូលថ្នាក់ទាំងពីរបញ្ចូលគ្នា។ កាលនោះ វិញ្ញាដែលពិបាកវាយជាងគេគឺគណិតវិទ្យា។ ខ្ញុំមិនធ្លាប់វាយវិញ្ញាសាគណិតវិទ្យាច្រើនទេ បើវាយគឺយឺតណាស់ ហេតុដូច្នេះ ខ្ញុំក៏សម្រេចសរសេរដៃលើក្រដាសA4តែម្ដងទៅ។ ធ្វើវិញ្ញាសាម្ដងមួយមុខៗ ដោយស្វែងរកវិញ្ញាសារួមនឹងអត្រាកំណែតាមគេហទំព័រនានា និងលើហ្វេសប៊ុកជាដើម។ ក្នុងករណីវិញ្ញាសាដែលរកមិនឃើញ ខ្ញុំបានទៅរកទិញសៀវភៅវិញ្ញាសានៅតាមបណ្ណាគារ។
នៅពេលប្រឡងបាក់ឌុបចប់ ប្អូនៗដែលសិស្សទី១២ថ្មី តែងសួររកវិញ្ញាសាប្រលងថ្មីដែលទើបប្រឡងនោះ។ ដើម្បីបានវិញ្ញាសាថ្មីៗទាំងនោះ ខ្ញុំត្រូវស្វែងរកតាមហ្វេសប៊ុក។ វិញ្ញាសាខ្លះក៏រកបានអត្រាកំណែផ្លូវ ខ្លះក្រៅផ្លូវការ ខ្លះមានតែប្រធានលំហាត់។ ចំពោះវិញ្ញាសាដែលរកមិនបាន ឬគ្មានអត្រាកំណែ ប្អូនៗសិស្សទី១២ តែសួរនាំថាតើពេលណាទើបមាន? គ្រប់វិញ្ញាសាដែលយកវាយឡើងវិញនោះ គឺជួបការលំបាកមួយគឺវាពិបាកមើលដោយអក្សរសរសេរដៃ គួបផ្សំនឹងវាជាប្រភេទរូបភាពដែលមិនសូវច្បាស់។ ពេលវាយបញ្ចូលវិញ្ញាសាឡើង វាចៀសមិនផុតទេពីកំហុសផ្នែកអក្ខរាវិរុទ្ធ។ អ្នកប្រើប្រាស់ដែលបានឃើញកំហុស ភាគច្រើនពួកគាត់ផ្ញើសារមកសួរឬប្រាប់ខ្ញុំ។
សូមឲ្យកម្មវិធីវិញ្ញាសាបាក់ឌុប ក្លាយជាផ្នែកមួយដែលជួយដល់ការសិក្សាដើម្បីទទួលជោគជ័យលើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។