កាលពីឆ្នាំ២០១៥ ប្អូនរបស់ខ្ញុំដែលទើបប្រឡងចប់ទី១២ ពួកបានមកស្នាក់នៅជាមួយខ្ញុំដើម្បីត្រៀមប្រឡងចូលរៀននៅតិចណូ។ ពេលធ្វើលំហាត់ ពួកគាត់តែងយកសៀវភៅរូបមន្តគណិតមកបើកមើល។ ខ្ញុំសង្កេតឃើញគាត់ ពិបាកក្នុងស្វែងរករូបមន្តក្នុងសៀវភៅ ពេលនោះខ្ញុំបានឯកសាររូបមន្តគណិតជា PDF (ស្នាដៃលោក លឹម ផល្គុន) ខ្ញុំក៏បានផ្ញើឱ្យគាត់មកមើល។ តែការមើល PDF វាក៏នៅតែលំបាកមិនខុសជាសៀវភៅប៉ុន្មានទេ។ ខ្ញុំក៏ចាប់ផ្ដើមគិតថា ចុះបើរូបមន្តទាំងអស់យើងចងក្រងជាកម្មវិធីទូរសព្ទ បើយើងចង់ស្វែងរករូបមន្តណាមួយ យើងគ្រាន់តែចុចតាមថ្នាក់ បន្ទាប់ស្វែងរកមេរៀននៃរូបមន្តជាការស្រេច ហើយលឿងទៀត។ គិតដូចនោះហើយខ្ញុំក៏សាកល្បងរកមើលកម្មវិធីរូបមន្តគណិតនៅលើ Play Store។ តែជាអកុសលមិនមានកម្មវិធីរូបមន្តគណិតជាភាសាខ្មែរនៅលើ Play Store ទេ។
ដោយមើលឃើញពីភាពខ្វះខាតនេះហើយ ទើបខ្ញុំចាប់ផ្ដើមរៀនធ្វើកម្មវិធីរូបមន្តគណិតវិទ្យានេះឡើង។ ដោយមិនចេះភាសាកម្មវិធីណាមួយសោះ រិតតែមិនដឹងថាដើម្បីបានកម្មវិធីដែលរាងជាមេរៀនហ្នឹង ក្នុងភាសាចាវ៉ា គេហៅអី? គេនឹងសរសេរយ៉ាងដូចម្ដេច? ខ្ញុំតែងស្វែងរកកម្មវិធីនៅលើ Play Store ដែលមានលក្ខណៈជាមេរៀន។ អ្វីដែលខ្ញុំចេះពេលនោះគឺការបំបែកកម្មវិធីអែនដ្រយ (Apk decompile) ព្រោះកាលអែនដ្រយជំនាន់២.៣ យើងត្រូវការជីកឫសដែនដ្រយ (Root) ដើម្បីយើងអាចដំឡើងពុម្ពអក្សរយូនីកូដខ្មែរបាន។ មួយវិញទៀត ដោយចង់ឃើញភាសាខ្មែរនៅលើកម្មវិធីទូរសព្ទ ខ្ញុំក៏រៀនបំបែកកម្មវិធីអែនដ្រយ ដើម្បីចួលទៅបកប្រែឃ្លា (String) ពីអង់គ្លេសទៅភាសាខ្មែរយើង។
ដោយចំណាយពេលជាង២ខែ ទីបំផុតខ្ញុំអាចធ្វើកម្មវិធីរូបមន្តគណិតវិទ្យាបានដោយប្រើ WebView ហើយទម្រង់កម្មវិធីខ្ញុំប្រើ jQuery UI ។ ខាងក្រោមនេះជាវីដេអូ បង្ហាញពីដំណើរការកម្មវិធីរូបមន្តគណិតវិទ្យា។